Tuesday, December 22, 2020

កម្រិតនៃរង្វាស់(Measurement level)

        លើសពីការដែលត្រូវបានបែងចែកជាប្រភេទគុណវិស័យឬបរិមាណវិស័យ អថេរត្រូវបានចាត់ថ្នាក់ទៅតាមលក្ខណៈនៃតម្លៃរបស់វា។ ឧទាហរណ៍ តំបន់រស់នៅ៖ ជនបទ, ទីប្រជុំជន ឬ ទីក្រុង ប្រាក់ចំណូល៖ កម្រិតទាប, កម្រិតមធ្យម ឬ កម្រិតខ្ពស់ រង្វាស់សីតុណ្ហភាព (ប៉ុន្មានអង្សាសេ) និងអត្រាប្រាក់ឈ្នួល(ប៉ុន្មានដុល្លារ ឬរៀល ក្នុង១ម៉ោង) ។ល។

ជាទូទៅទិន្នន័យត្រូវបានចាត់ថ្នាក់ជាបួនកម្រិតរង្វាស់គឺ កម្រិតនាមករណ៍(nominal level), កម្រិតលំដាប់(ordinal level), កម្រិតចន្លោះ(interval level)​ និង កម្រិតផលធៀប(ratio level)

កម្រិតនាមករណ៍(Nominal level)

        នៅក្នុងកម្រិតនេះតម្លៃអថេរ(ទិន្នន័យ)ត្រូវបានបែងចែកជាថ្នាក់(ក្រុមឬពួក)ដាច់ឡែក ច្បាស់លាស់ពីគ្នា ប៉ុន្តែមិនមានលំដាប់លំដាយ មុខក្រោយ តូចធំជាងគ្នាទេ។

ឧទាហរណ៍

ភេទ៖ ស្រី ឬ ប្រុស
មុខវិជ្ជា៖ គណិតវិទ្យា, រូបវិទ្យា, គីមី, អក្សរសាស្ត្រ, ភូមិវិទ្យា,​ ប្រវត្តិវិទ្យា និងផ្សេៗ
ម៉ាកទូរស័ព្ទ៖ Samsung, iPhone, Oppo, Others
ស្ថានភាពគ្រួសារ៖ នៅលីវ, រៀបការ, លែងលះ, ប្តី/ប្រពន្ធស្លាប់
ជំនឿសាសនា៖ ព្រះពុទ្ធ, ឥស្លាម, ហិណ្ឌូ, គ្រីស្ត, ផ្សេងៗ
ក្រុមឈាម៖ A, B, AB, O
            មុខរបរ៖ មន្ត្រីរាជការស៊ីវិល, កម្លាំងប្រដាប់អាវុធ, អាជីវករ, កម្មករ/កសិករ, ក្រុមហ៊ុនឯកជន, អង្គការក្រៅរដ្ឋាភិបាល, ផ្សេងៗ។


កម្រិតលំដាប់(ordinal level)

        នៅក្នុងកម្រិតនេះ ទិន្នន័យត្រូវបានបែងចែកជាថ្នាក់(ក្រុមឬពួក)ដាច់ច្បាស់លាស់ពីគ្នាហើយក្រុមឬពួកមានលំដាប់លំដោយ មុនក្រោយ ទាបខ្ពស់ទៀតផង ប៉ុន្តែវាមិនមានរង្វាស់ឯកតាជាក់ច្បាស់នៅឡើយទេ។

ឧទាហរណ៍

ប្រាក់ចំណូល (ទាប មធ្យមឬ​ខ្ពស់)៖ «ទាប» «មធ្យម»ឬ«ខ្ពស់» បង្ហាញអំពីការបែងចែកជាថ្នាក់ដាច់ឡែកពីគ្នា មានលំដាប់លំដោយ ប៉ុន្តែមិនបង្ហាញភាពខុសគ្នាដោយរង្វាស់ជាក់លាក់រវាង«ទាប» «មធ្យម»និង«ខ្ពស់»។

តើលោកអ្នកយល់ឃើញដូចម្តេចអំពីការវេចខ្ចប់ផលិតផលនេះ? ៖ អន់ណាស់, អន់, ធម្មតា, ល្អ, ល្អណាស់។

តើប្អូនប្រឡងជាប់ដោយនិទ្ទេសអ្វីដែរ? ៖ E, D, C, B, A

តើលោកកុំម៉ង់ភីស្សាទំហំមួយណាដែរ?៖ តូច, មធ្យម, ធំ។

 តើទំហំអាវលោកគឺអ្វីដែរ? ៖ S, M, L, XL, XXL, XXXL។ 

កម្រិតចន្លោះ(Interval level)

        លក្ខណៈនៃទិន្នន័យនៅក្នុងកម្រិតចន្លោះ លើសពីលក្ខណៈនៃទិន្នន័យនៅក្នុងកម្រិតលំដាប់ នៅត្រង់ថាភាពខុសគ្នាពីឯកតាមួយទៅឯកតាមួយ មានភាពជាក់លាក់ ពោលគឺអាចធ្វើប្រមាណវិធីដកបាន។ លក្ខណៈសំខាន់មួយនៅក្នុងកម្រិតចន្លោះគឺ ពុំមានសូន្យពិតប្រាកដ។

ឧទាហរណ៍

ចំពោះពិន្ទុIQនៃតេស្តមួយ ពិន្ទុ110ទាបជាងពិន្ទុ111ចំនួន1 ពោលគឺផលដក 111 – 110 = 1

រង្វាស់សីតុណ្ហភាព ជាអង្សាសេ​(C) (F) ៖ នៅត្រង់ចំណុចនេះ សូន្យអង្សាសេ និងសូន្យអង្សាហ្វារីនហៃ ជារង្វាស់សីតុណ្ហភាពពីរផ្សេងគ្នា គឺវាមិនដូចគ្នាទេ ម្យ៉ាងវិញទៀតវាក៏មិនបានបង្ហាញនូវភាពគ្មានសីតុណ្ហភាពដែរ។ នោះហើយជាអត្ថន័យនៃភាពមិនមានសូន្យពិតប្រាកដ។

គួរស្វែងយល់អំពីរង្វាស់សីតុណ្ហភាពបន្តិចនៅត្រង់ចំណុចនេះ។ រង្វាស់សីតុណ្ហភាពដែលនិយមប្រើ គឺអង្សាសេ(Celsuis) មាននិម្មិតសញ្ញា C ក្រៅពីនេះមានរង្វាស់ហ្វារិនហៃ(Fahrenheit)ដែលមាននិម្មិតសញ្ញា F។ មាត្រដ្ឋានសីតុណ្ហភាពទាំងពីនេះពុំមានសូន្យពិតប្រាកដទេ។  រង្វាស់សីតុណ្ហភាពផ្សេងទៀតមានដូចជា កែលវីន(Kelvin)មាននិម្មិតសញ្ញា(K)​ និងរែងគីន(Rankine) មាននិម្មិតសញ្ញា(R Ra)ដែលជាមាត្រដ្ឋានមានសូន្យពិតប្រាកដ។ មាត្រដ្ឋានសីតុណ្ហភាពនៅមានផ្សេងៗលើសពីនេះទៀត។


 

កម្រិតផលធៀប(Ratio level)

        កម្រិតផលធៀបនៃរង្វាស់ក្តោបយកលក្ខណៈទាំងអស់របស់កម្រិតចន្លោះនិងមានសូន្យពិតប្រាកដ។

ឧទាហរណ៍៖ ទម្ងន់(គីឡូក្រាម ឬឯកតាផ្សេងៗទៀត), ប្រវែង (ម៉ែត្រ សង់ទីម៉ែត្រឬឯកតាផ្សេងទៀតនៃប្រវែង) អាយុ។ល។

សម្គាល់៖

១. នៅក្នុងសុសវែរSPSSការកំណត់កម្រិតរង្វាស់មានត្រឹមបីnominal, ordinal, និងscale ដែលscaleក្តោបយកកម្រិតចន្លោះនិងកម្រិតផលធៀបនៃរង្វាស់។




២. នៅក្នុងការសិក្សាស្រាវជ្រាវ មានសំណួរប្រភេទខ្លះផ្តល់ចម្លើយដូចជា៖​ Strongly disagree, Disagree, Neutral, Agree, Strongly agree។ ចម្លើយបែបនេះហៅថា បញ្ជីលីខឺត(Likert item)។ បញ្ជីលីខឺតអាចមានធាតុចំនួនផ្សេងពី៥ ឧទាហរណ៍ដូចជា៧៖  Strongly disagree, Disagree, Somewhat disagree, Neutral, Somewhat agree, Agree, Strongly agree។ ឧទាហរណ៍ ដូចជា៤៖ Poor, Average, Good, Excellent។ ល។








ត្រឡប់ទៅទំព័រដើម

No comments:

Post a Comment