និយមន័យស្ថិតិវិទ្យា
ស្ថិតិវិទ្យាត្រូវគ្នានឹងពាក្យនៅក្នុងភាសាអង់គ្លេស statisticsសំដៅលើមុខវិជ្ជា ឬវិទ្យាសាស្ត្រមួយដែលវិវឌ្ឍចេញពីគណិតវិទ្យា។ ស្ថិតិវិទ្យា ជាមុខវិជ្ជាសិក្សាអំពីវិធីប្រមូល រៀបចំ សង្ខេប វិភាគ ដើម្បីទាញការសន្និដ្ឋានអំពីទិន្នន័យ។
ក្នុងន័យមួយទៀត ពាក្យ ក្នុងភាសាអង់គ្លេស statistic ក្នុងទម្រង់ឯកវចនៈនិងstatisticsក្នុងទម្រង់ពហុវចនៈ ប្រែថាស្ថិតិ សំដៅដល់ពត៌មានជាតួលេខ ដូចជាពាក្យដែលគេធ្លាប់និយាយថា «ស្រង់ស្ថិតិ» គឺជាការប្រមូលកត់ត្រាព័ត៌មានអំពីចំនួននៃមនុស្ស សត្វ វត្ថុ ផ្សេងៗ។ល។
ស្ថិតិវិទ្យាមានពីរមែកធាង គឺ ស្ថិតិវិទ្យាពិពណ៌នា (descriptive statistics)និង ស្ថិតិវិទ្យាសន្និដ្ឋាន(inferential statistics)។ ស្ថិតិវិទ្យាពិពណ៌នា ផ្តោតទៅលើការសិក្សាអំពីវិធីប្រមូល រៀបចំ សង្ខេប និងបង្ហាញទិន្នន័យ រីឯស្ថិតិវិទ្យាសន្និដ្ឋាន សំដៅលើការសិក្សាអំពីដែលទាក់ទងនិងការប្រើប្រាស់ទ្រឹស្តីប្រូបាប៊ីលីតេ ដើម្បីទាញសន្និដ្ឋានចេញអំពី«ផ្នែកមួយ»និងវាយតម្លៃ«របស់ទាំងមូល» ពោលគឺជាការធ្វើទូទៅនីយកម្ម ឬ ការយោង។
ការប្រើពាក្យ«ផ្នែកមួយ» ព្រមទាំងពាក្យ«ទាំងមូល»នៅទីនោះ គ្រាន់តែដើម្បីឱ្យអ្នកអានងាយយល់និយមន័យប៉ុណ្ណោះ។ ពាក្យជាផ្លូវការ សម្រាប់ពាក្យ«ផ្នែកមួយ» គឺ«គំរូតាង» ដែលត្រូវគ្នានិងពាក្យក្នុងភាសាអង់គ្លេស sample ចំណែកឯពាក្យ «របស់ទាំងមូល» គឺ«សាកលស្ថិតិ» ដែលត្រូវគ្នានឹងពាក្យក្នុងភាសាអង់គ្លេសpopulation។
សាកលស្ថិតិ និង គំរូតាង(Population and sample)
នៅក្នុងស្ថិតិវិទ្យា សាកលស្ថិតិគឺជាសំណុំនៃអង្គសង្កេត(observation)ទាំងមូល រីឯគំរូតាងគឺជាផ្នែកមួយនៃសាកលស្ថិតិ។ បើនិយាយតាមទ្រឹស្ថីសំណុំនៅក្នុងគណិតវិទ្យា គំរូតាង(sample) គឺជាសំណុំរងរបស់ សាកលស្ថិតិ (population) ដែលជាសំណុំសាកល។
រូបទី១៖ សាកលស្ថិតិនិងគំរូតាង(តំណាង) |
ខាងក្រោមនេះជាឧទាហរណ៍មួយចំនួនដែលនឹងបង្ហាញអំពី សាកលស្ថិតិនិងគំរូតាង
១. អ្នកសិក្សាស្រាវជ្រាវម្នាក់ ចង់សិក្សាអំពីបញ្ហាប្រឈមនៅក្នុងការសិក្សាមុខវិជ្ជាគណិតវិទ្យានៅកម្រិតវិទ្យាល័យនៅក្នុងប្រទេសកម្ពុជា។ គាត់រៀបចំកម្រងសំណួរ ដែលនៅក្នុងនោះមានសំណួរដែលស្របតាមគោលបំណងនៃការស្រាវជ្រាវរបស់គាត់សម្រាប់សម្ភាសសិស្ស។ នៅក្នុងការអនុវត្តជាក់ស្តែង ច្បាស់ណាស់គាត់មិនអាចសម្ភាសគ្រប់សិស្សវិទ្យាល័យទាំងអស់ទូទាំងប្រទេសបានទេ ដោយមូលហេតុដែលមានដូចជា ពេលវេលា និង ថវិកាសម្រាប់ការស្រាវជ្រាវ មានកំណត់។ គាត់ត្រូវតែជ្រើសរើសសិស្សវិទ្យាល័យមួយចំនួនជាតំណាងសម្រាប់ធ្វើការសម្ភាស។ វិធីនៃការជ្រើសរើស និង ចំនួនដែលត្រូវជ្រើសរើស ត្រូវកំណត់ដោយវិធីជាក់លាក់នៅក្នុងស្ថិតិវិទ្យា(សូមតាមដានប្រធានបទដែលនឹងផុសលើកក្រោយៗទៀត)។ នៅក្នុងក្នុងឧទាហរណ៍នេះ សាកលស្ថិតិគឺជាសំណុំនៃសិស្សវិទ្យាល័យនៅប្រទេសកម្ពុជាទាំងអស់ ហើយ គំរូតាងគឺជាសំណុំនៃសិស្សដែល អ្នកស្រាវជ្រាវកំណត់ត្រូវសម្ភាស។
២. អ្នកគ្រប់គ្រងនៅក្នុងក្រុមហ៊ុនផលិតភេសជ្ជៈមួយ ចង់ត្រួតពិនិត្យនិងវាយតម្លៃចំណុះភេសជ្ជៈនៅក្នុងកំប៉ុង ថាតើវាត្រឹមត្រូវតាមអ្វីដែលមានបិទស្លាកនៅលើកំប៉ុងដែរឬទេ។ គាត់ត្រូវជ្រើសរើស កំប៉ុងភេសជ្ជៈមួយចំនួនជាតំណាងនិងពិនិត្យមើលចំណុះនៃភេសជ្ជៈនៅក្នុងកំប៉ុងនីមួយៗទាំងនោះ។ នៅក្នុងករណីនេះ រង្វាស់ចំណុះភេសជ្ជៈក្នុងកំប៉ុងដែលត្រូវបានជ្រើសរើសជាតំណាងទាំងនោះ បង្កើតបានជាសំណុំទិន្នន័យគំរូតាង។
ត្រឡប់ទៅទំព័រដើម
No comments:
Post a Comment